ជំងឺហឺតកើតឡើងពីការដែលបំពង់ខ្យល់មានការរលាករ៉ាំរ៉ៃ និងប្រែប្រួលងាយនឹងកត្តាជំរុញច្រើនជាងធម្មតា។ នៅពេលជួបកត្តាជំរុញ ដូចជា ធូលី ផ្សែង អាកាសត្រជាក់ ឬការឆ្លងផ្លូវដង្ហើម បំពង់ខ្យល់នឹងរួមតឹង និងហើម ធ្វើឱ្យរន្ធផ្លូវខ្យល់រួមតូច ខ្យល់ចេញចូលបានពិបាក ដូច្នេះកើតរោគសញ្ញាហត់ និងដកដង្ហើមមានសំឡេង។ ហឺតកើតបានទាំងក្នុងកុមារ និងមនុស្សពេញវ័យ ហើយច្រើនទាក់ទងនឹងជំងឺអាឡែស៊ី។
រោគសញ្ញានៃហឺត
រោគសញ្ញាច្រើនកើតៗ សះៗ និងធ្ងន់ឡើងពេលជួបកត្តាជំរុញ ឬនៅពេលយប់ និងព្រលឹម។ ដែលជួបញឹកញាប់មានដូចជា៖
- ក្អករ៉ាំរ៉ៃ ជាពិសេសពេលយប់ ឬក្រោយហាត់ប្រាណ
- ណែនទ្រូង មានអារម្មណ៍ដកដង្ហើមមិនពេញ
- ដកដង្ហើមមានសំឡេងហួច (សំឡេងហួចពេលដកដង្ហើមចេញ)
- ហត់ ដកដង្ហើមពិបាក ជាពិសេសពេលជួបធូលី ផ្សែង ឬអាកាសប្រែប្រួល
យល់ពីថ្នាំ ២ ក្រុម គឺជាកូនសោនៃការគ្រប់គ្រងជំងឺ
ថ្នាំបាញ់ "គ្រប់គ្រង" ប្រើរៀងរាល់ថ្ងៃ ដើម្បីបន្ថយការរលាកនៃបំពង់ខ្យល់ និងការពារការកំរើក។ ឯថ្នាំបាញ់ "បន្ថយ" ប្រើពេលមានរោគសញ្ញា ដើម្បីពង្រីកបំពង់ខ្យល់យ៉ាងលឿន។ បើត្រូវប្រើថ្នាំបន្ថយញឹកញាប់ឡើង បង្ហាញថាជំងឺនៅគ្រប់គ្រងមិនទាន់ល្អ គួរពិគ្រោះវេជ្ជបណ្ឌិត។
ការថែទាំ និងការព្យាបាល
គោលដៅគឺគ្រប់គ្រងរោគសញ្ញាឱ្យស្ងប់ រស់នៅបានធម្មតា និងការពារការកំរើកធ្ងន់ធ្ងរ។
- ជៀសវាងកត្តាជំរុញ ដូចជា ធូលី អង្គែធូលី ផ្សែងបារី រោមសត្វ និងអាកាសត្រជាក់ខ្លាំង
- ប្រើថ្នាំបាញ់គ្រប់គ្រងជាប្រចាំតាមការចេញវេជ្ជបញ្ជា ទោះក្នុងថ្ងៃដែលគ្មានរោគសញ្ញា និងពកថ្នាំបាញ់បន្ថយជាប់ខ្លួន
- ប្រើបច្ចេកទេសបាញ់ថ្នាំឱ្យត្រឹមត្រូវ និងមកពិនិត្យតាមដានតាមការណាត់ ដើម្បីកែតម្រូវថ្នាំឱ្យសមរម្យ
នៅគ្លីនិកវេជ្ជបណ្ឌិតឆ័ត្ររោងក្លឿ យើងពិនិត្យព្យាបាលដោយវេជ្ជបណ្ឌិត មានសេវាបាញ់ថ្នាំដើម្បីបន្ថយរោគសញ្ញា យកឈាមពិនិត្យបន្ថែម និងវ៉ាក់សាំងការពារជំងឺ ដូចជា វ៉ាក់សាំងគ្រុនផ្តាសាយធំ និងវ៉ាក់សាំងរលាកសួត ដែលជួយកាត់បន្ថយការឆ្លងផ្លូវដង្ហើមដែលជាកត្តាជំរុញឱ្យហឺតកំរើក។
ការការពារការកំរើក
ក្រៅពីប្រើថ្នាំតាមវេជ្ជបណ្ឌិត គួរថែទាំផ្ទះឱ្យស្អាតគ្មានធូលី និងអង្គែធូលី ឈប់ជក់បារី និងជៀសវាងផ្សែងបារី ចាក់វ៉ាក់សាំងគ្រុនផ្តាសាយធំរៀងរាល់ឆ្នាំ ហាត់ប្រាណជាប្រចាំដើម្បីឱ្យសួតរឹងមាំ និងសង្កេតមើលអ្វីដែលជំរុញរោគសញ្ញារបស់ខ្លួន ដើម្បីជៀសវាងជាមុន។ ការគ្រប់គ្រងរោគសញ្ញាបានល្អ នឹងជួយកាត់បន្ថយឱកាសកើតរោគសញ្ញាហឺតធ្ងន់ធ្ងរបានច្រើន។
ហឺតធ្ងន់ធ្ងរ ត្រូវប្រញាប់ទៅមន្ទីរពេទ្យភ្លាមៗ
- ហត់ខ្លាំងរហូតនិយាយបានជាពាក្យៗ មិនចប់ល្បះ
- បបូរមាត់ ឬចុងក្រចកខៀវស្រអាប់
- បាញ់ថ្នាំបន្ថយហើយ តែរោគសញ្ញាមិនប្រសើរ ឬត្រឡប់មកហត់វិញលឿន
- ដកដង្ហើមលឿន និងខ្លាំង ឆ្អឹងជំនីរបុ៉ង ងងុយ ឬមិនស្ងប់
